ការផលិតស្កត្នោតខេត្តកំពង់ស្ពឺមិនអាចឆ្លើតតបនឹងតម្រូវការ

ដោយៈគង់ ម៉ាលីនណា

កំពង់ស្ពឺៈ តម្រូវការ និងការផ្គត់ផ្គង់ មិនអាចឆ្លើយតបគ្នាបាននៅឡើយដោយបរិមាណ ស្ករត្នោតកំពង់ស្ពឺផ្គត់ផ្គង់ទីផ្សារ បានតែ១០០តោន ខណៈតម្រូវការសរុបចំនួន១៥០តោន នៅឆ្នាំ២០២២នេះ។

លោកវី វាសនា អ្នកចាត់ការទូទៅនៃសមាគមស្ករត្នោតកំពង់ស្ពឺបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការផលិតមិនទាន់តម្រូវការនេះ ដោយសារកត្តាអាកាសធាតុ មិនអំណោយផល ភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ខ្លាំង ប្រឈមគ្រោះថ្នាក់ ដែលធ្វើឱ្យកសិករពិបាកក្នុងការឡើងយកទឹកត្នោត។

លោកបន្តថា “ឆ្នាំនេះស្ករត្នោតប្រភេទម្សៅ ទើបតែផលិតបាន៥៧តោនប៉ុណ្ណោះ សម្រាប់នាំចេញទៅអឺរ៉ុប ក្រៅពីនេះស្ករត្នោតទាំងអស់”។

ស្ករត្នោតកំពង់ស្ពឺ ជាទំនិញសម្គាល់ភូមិសាស្រ្ត មិនអាចស្តុកទុកបានយូរនោះទេ ពោលគឺប្រើប្រាស់បានតែ១ឆ្នាំ សម្រាប់​ស្ករម្សៅ និង៣ឆ្នាំសម្រា​ប់ស្ករសាច់។ ចំពោះការផលិតស្ករត្នោត ដែលមានគុណភាពល្អ និងទទួលបានផលច្រើន គឺចាប់ពីចុងខែ ធ្នូ ដល់ឧសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ករត្នោត ដែលសមាគមផលិតមាន៤ ប្រភេទ គឺស្ករម្សៅ ស្ករសេរ៉ូ ស្ករផែន និងស្ករសាច់។
លោក វី វាសនាបានឱ្យដឹងបន្តទៀតថា ស្ករសាច់ឆ្នាំនេះ លក់បានតម្លៃ ៦០០០-៦៥០០រៀល ក្នុងមួយគីឡូក្រាម ស្ករម្សៅ៧១០០រៀល ស្ករផែន និងស្ករសេរ៉ូ ៦៥០០រៀល។

សមាគមស្ករត្នោតកំពង់ស្ពឺ ផ្តោតលើការផលិតស្ករត្នោតនៅតំបន់ចំនួនបី គឺស្រុកឧដុង្គ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល។ ស្ករត្នោតកំពង់ស្ពឺនាំចេញតាមរយៈក្រុមហ៊ុនបី និងអាជីវករមួយរូប ទៅប្រទេស កាណាដា អាឡឺម៉ង់ បារាំង ចិន កូរ៉េ និងភាគច្រើននាំចេញទៅសហគមន៍អឺរ៉ុប។ ដើមត្នោត ដែលបានផ្តល់ស្ករ​ឱ្យសមាគម​ស្ករត្នោតកំពង់ស្ពឺ មានចំនួនជាង ៣ពាន់ដើម។

ស្ករត្នោតកំពង់ស្ពឺ ត្រូវបានទទួលស្គាល់ជាផលិតផល សម្គាល់ភូមិសាស្ដ្រ (GI) កាលពីឆ្នាំ២០១០ និងចុះបញ្ជីម៉ាក​សម្គាល់​ភូមិ​សាស្រ្តការពារ (PGI) របស់សហភាពអឺរ៉ុប នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដោយបានទទួលស្គាល់ថា ជានិមិត្តរូបនៃប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here