អ្នកនាំចេញៈនៅរយៈពេលពីរខែខាងមុខតម្លៃស្រូវនឹងកើនពី១០ ទៅ១៥ភាគរយ

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ លោក លុន យ៉េង អគ្គលេខាធិការ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយថា ក្នុងរយៈពេល២ខែខាងមុខនេះ (ខែកក្កដា និងសីហា) តម្លៃស្រូវនៅកម្ពុជា នឹងអាចឡើងថ្លៃយ៉ាងហោចណាស់ពី១០ ទៅ១៥ភាគរយ ដោយសារតម្លៃអង្ករលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃផងដែរ។

លោកលុន យ៉េង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ បានមានប្រសាសន៍ថា វិបត្តិសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានធ្វើឱ្យពិភពលោកខ្វះស្បៀងអាហារ ព្រោះប្រទេសទាំងពីរនេះ ផលិតស្រូវសាលីសម្រាប់នាំចេញទៅអឺរ៉ុបច្រើនជាងគេ និងប្រទេសមួយចំនួនទៀតនៅអាហ្រ្វិក ដែលបណ្តាលឱ្យស្រូវសាលី កើនឡើងខ្លាំងរហូតដល់៣០ភាគរយ។

លោកបានឲ្យដឹងថា “ក្នុងពេលពិភពលោក កំពុងខ្វះស្បៀងអាហារនេះ ក៏ជាឱកាសល្អសម្រាប់អង្ករកម្ពុជាផងដែរ។ ប៉ុន្តែយ៉ាងណាមិញ លោកមានការព្រួយបារម្ភពីការឡើងថ្លៃជី នឹងធ្វើឲ្យប្រជាកសិករមួយចំនួនកាត់បន្ថយការដាំស្រូវវិញ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកយ៉េងបានបន្ថែមថា រាល់ថ្ងៃ យើងមិនមែនជាអ្នកកំណត់តម្លៃទេតម្លៃរបស់យើងដើរតាមគេ អង្ករក្រអូបរបស់យើងផ្អែកតាមអង្ករថៃ បើអង្ករថៃចុះខ្លាំង យើងក៏ចុះដូចគ្នា ព្រោះយើងមិនអាចលក់ថ្លៃជាងគេបានទេ។ ជារួមគឺអង្ករអន្តរជាតិវាអត់សម្បូរ គឺថាបញ្ហាទិន្នផលរាងថយគ្រប់កន្លែង ដោយ​សាររឿងជីមួយចំនួនឡើងថ្លៃ និងប្រេងឡើងជាដើម ធ្វើឲ្យប្រជាកសិករងាកទៅដាំដុះអ្វីផ្សេងជំនួសស្រូវសិន។

អង្គការសហប្រជាជាតិកាលពីកន្លងទៅនេះ បាននិយាយថា ការអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឱ្យពិភពលោកជួបវិបត្តិក ង្វះស្បៀងអាហារកាន់តែអាក្រក់។ បច្ចុប្បន្ននេះតម្លៃអាហារបានកើនឡើងថ្លៃយ៉ាងគំហុក ហើយប្រសិនបើកំពង់ផែ Odesa របស់អ៊ុយក្រែន មិនត្រូវបានបើកនោះទេ នឹងធ្វើឱ្យមានបញ្ហាកាន់តែខ្លាំង ខណៈមានមនុស្សប្រមាណ៤៩លាននាក់នៅក្នុងប្រទេសចំនួន៤៣ ដែលកំពុងជួបគ្រោះទុរភិក្ស ហើយពិភពលោកនឹងប្រឈមមុខ អស្ថិរភាព និងការធ្វើចំណាកស្រុកដ៏ធំប្រសិន​បើមិនដោះស្រាយ។

ដោយឡែក យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវ អង្ករកម្ពុជា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានចំនួនជាង២២ម៉ឺនតោន ដោយទទួលបានចំណូលជាង១៣៩លានដុល្លារអាមេរិក ក្នុងនោះនាំចេញទៅតំបន់អឺរ៉ុបមានបរិមាណ ចំនួន៦៨,៥៥៥តោនស្មើនឹង៣១ភាគរយ ដោយទទួលបានទឹកប្រាក់ចំនួនជាង៥១លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here