កម្ពុជារកចំណូលពីការនាំចេញ​អង្ករនិងស្រូវចំនួនជាង៥១៦លានដុល្លារ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ

ដោយ៖ សុផារី

 

ភ្នំពេញ​: សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក.) បានលើកឡើងថា គិតក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ កម្ពុជា សម្រេចការនាំចេញអង្ករបានចំនួន ២២១.១៣៨តោន និងនាំចេញស្រូវបានចំនួន ១.៦៤៨.៤៧៤តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន៥១៦,២១លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ មានក្រុមហ៊ុននាំចេញចំនួន ៤៨ក្រុមហ៊ុន បានធ្វើការនាំចេញទៅកាន់គោលដៅចំនួន៥៤។​ ក្នុងនោះ កម្ពុជាបាននាំទៅប្រទេសចិន និងតំបន់ស្វយ័តហុងកុង និង​ម៉ាកាវ បានចំនួន១១៥.២៥៥តោន ឬស្មើនឹង៥២,១២%  នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួន៦២,៧៤លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

ការនាំចេញទៅតំបន់អឺរ៉ុបមានបរិមាណសរុបចំនួន៦៨.៥៥៥តោន ឬស្មើនឹង៣១% គិតជាទឹកប្រាក់មានចំនួន ៥១,០២លានដុល្លារ ហើយការនាំចេញទៅកាន់តំបន់សមាជិកអាស៊ានមានចំនួន២១.៨៧៦តោន ឬស្មើនឹង ៩,៨៩% គិតជាទឹកប្រាក់មានចំនួន១៣,៩០លានដុល្លារ។

 

ចំណែក បណ្តាប្រទេសផ្សេងៗ ក្រៅពីតំបន់ខាងលើបានចំនួន១៥.៤៥២តោន ឬស្មើនឹង៦,៩៩% គិតជាទឹកប្រាក់មានចំនួន១១,៧៤លានដុល្លារអាមេរិក។

ប្រភពដដែលបាន​ឱ្យ​ដឹងថា បរិមាណនៃការនាំចេញក្នុងរយៈពេល៤ខែនេះ មានកំណើនចំនួន១៤,៨៨% ឬស្មើនឹងចំនួន២៨.៦៤៣តោន។

 

សហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងបន្តថា កម្ពុជាបាននាំចេញស្រូវគ្រប់ប្រភេទឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាមបានចំនួន១.៦៤៨.៤៧៤ តោន គិតជាទឹកប្រាក់ប្រមាណ៣៧៦,៦៤លានដុល្លារសហរដ្ឋអាមេរិក។ សម្រាប់ប្រភេទអង្ករក្រអូបគ្រប់ប្រភេទមានបរិមាណចំនួន៦៧,១២% អង្ករសចំនួន៣០,១៣% អង្ករចំហុយចំនួន១,០៧% និងអង្ករសរីរាង្គចំនួន១,៦៨% ៕

LEAVE A REPLY

Please enter your comment!
Please enter your name here