ការនាំចេញកសិផលទទួលកំណើនជាងប្រាំភាគរយជាមួយនឹងបរិមាណជាង ៤លានតោន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រយៈពេល៤ខែដើមឆ្នាំ២០២២នេះ សម្រេចបានបរិមាណសរុបចំនួន៤ ០៤០ ៧០៣,៦៩តោន ដែលមានកំណើនស្មើនឹង៥,៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមការលើកឡើងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


យោងតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅ ក្រសួងកសិកម្មបានលើកឡើងបន្តថា ទន្ទឹមនឹងកំណើននៃការនាំចេញ ក្រៅពីអង្ករ ស្រូវ ដំឡូងមី និងផលិតផលមួយចំនួនធំដទៃទៀត ការនាំចេញផ្លែចេកស្រស់ និងស្វាយស្រស់ គឺមានការថយចុះគួរឲ្យកត់សម្គាល់ ពិសេសការនាំចេញទៅកាន់ប្រទេសចិន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

យោងតាមការពិគ្រោះយោបល់ ជាមួយក្រុមហ៊ុននាំចេញកសិផលធំៗមួយចំនួនបានឲ្យដឹងថា ការធ្លាក់ចុះនេះ បណ្តាលមកពីកង្វះទូត្រជាក់សម្រា​ប់ផ្ទុកកសិផល បណ្តាលឲ្យទូត្រជាក់ឡើងថ្លៃជាខ្លាំង បើធៀបទោនឹងមុនវិបត្តិកូវីដ១៩ដែលបច្ចុប្បន្ននេះ តម្លៃមានការកើនឡើងរហូតដល់ជាង៣ដង និងការរឹតបន្តឹងលក្ខខណ្ឌអនាម័យ និងភូតកាមអនាម័យ ដែលបណ្តាលមកពីការរកឃើញកូវីដ១៩ នៅលើសំបកកេសវេចខ្ចប់ផ្លែចេក ពីសំណាក់អាជ្ញាធរគយចិន ជាហេតុធ្វើក្រុមហ៊ុនមួយចំនួន ត្រូវអាក់ខានការនាំចេញមួយរយៈ និងក្រុមហ៊ុនខ្លះទុកចោលមិនប្រមូលជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់បន្ថែមថា ការនាំចេញផលិតផល ទៅកាន់ទីផ្សារក្រៅប្រទេស គឺជាការសម្រេចចិត្តរបស់ផ្នែកឯកជន ក្នុងការនាំចេញទៅទីផ្សារ តែទោះយ៉ាងណា ក្រសួងក៏កំពុងតែខិតខំជំរុញការងារផលិតកម្ម ឲ្យកាន់តែមានគុណភាព និងភាពរីកចម្រើនទៅមុខប្រកបដោយគុណភាព និងសុវត្ថិភាពខ្បស់ ដើម្បីបំពេញតម្រូវការការរបស់ទីផ្សារក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here