កម្ពុជាគ្រោងដាក់ផលិតផលចំនួនបីមុខផ្សេងទៀតក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនាពេលខាងមុខ

ដោយៈ ម៉ាលីន

ភ្នំពេញៈ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា ផលិតផលខ្មែរដែលមានសក្តានុពលចំនួន៣ផ្សេងទៀត រួមមាន៖ អំបិល និងផ្កាអំបិលកំពត” “បង្កងតាកែវ” និង “ទឹកត្រីកំពត” នឹងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដើម្បីបង្កើនកេរ្តិ៍ឈ្មោះ និងបង្កើនជំនឿទំនុកចិត្តពីអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ចុងក្រោយ។

ការលើកឡើងខាងលើនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២កន្លងទៅ នៅខេត្តមណ្ឌលគិរី។

លោករដ្ឋមន្រ្តីបានលើឡើងបន្តថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ គឺជាការធានាផ្លូវច្បាប់ដើម្បីឲ្យការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំផលិតផល។ លោកបន្ថែមថា ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ មិនត្រឹមតែជាអត្តសញ្ញាណផលិតផលប៉ុណ្នោះទេ ប៉ុន្តែវានឹងក្លាយជាផ្នែកមួយនៃការផ្សព្វ​ផ្សាយកេរ្តិ៍ឈ្មោះ និងវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជាក្នុងឆាកអន្តរជាតិផងដែរ។ ហេតុនេះ ការថែរក្សា និងធានាកេរ្តិ៍ឈ្មោះផលិតផលទាំងនោះ រួមនឹងការទាញអត្ថប្រយោជន៍ពីការចុះបញ្ជីម៉ាក សម្គាល់ភូមិសាស្រ្តទំនិញនេះ គឺពិតណាស់ អាស្រ័យលើការទទួលខុសត្រូវរបស់សមាជិកម្នាក់ៗនៅក្នុងសហគមន៍ ដែលចាំបាច់ត្រូវមានសាមគ្គីភាព ភាពស្មោះត្រង់ សុចរិត និងអភិបាលកិច្ចគ្រប់គ្រងល្អ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ទើបម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ផ្តល់នូវគុណតម្លៃពិតប្រាកដ ព្រមទាំងធានានូវនិរន្តភាពសម្រាប់អ្នកជំនាន់ក្រោយ។

“ទឹកឃ្មុំព្រៃមណ្ឌលគិរី” ដោយផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហការយ៉ាងល្អក្នុងភាពជាដៃគូ ក្នុងនោះមានក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ និងមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី ព្រមទាំងមានការគាំទ្រពីរដ្ឋបាលខេត្តមណ្ឌលគិរី និងដៃគូអភិវឌ្ឍន៍ ដូចជា៖ អង្គការ WWF, USAID, BMZ, EU, AFD, WIPO និង CIRD ត្រូវក្រសួងពាណិជ្ជកម្មសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមកិច្ចគាំទ្រពីអង្គការដៃគូរអភិវឌ្ឍន៍ ដោយបានរៀបចំឯកសារគតិយុត្ត ដូចជា ការរៀបចំចងក្រងសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សៀវភៅបន្ទុកទឹកឃ្មុំព្រៃមណ្ឌលគិរី ការកំណត់តំបន់ភូមិសាស្រ្តនៃការប្រមូលផលទឹកឃ្មុំ រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងឯកសារពាក់ព័ន្ធផ្សេងៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” គឺដើម្បី៖ផ្តល់កិច្ចការពា​រកម្មសិទ្ធិបញ្ញា ដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិ​សាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” នៅលើទីផ្សារជាតិ និងអន្តរជាតិ, អភិរក្សចំណេះដឹង-ចំណេះធ្វើ និងទេពកោសល្យតាមបែបប្រពៃណីរបស់ប្រជាកសិករនិងសហគមន៍ជនជាតិពូនង ក្នុងខេត្តមណ្ឌលគិរី តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក “ទឹកឃ្មុំព្រៃមណ្ឌលគិរី”, ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ចូលរួមអភិរក្សតំបន់ព្រៃការពារ និងធនធានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរ, លើកកម្ពស់គុណភាពនិងស្តង់ដារអនាម័យនៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងបង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។

គិតរហូតមកដល់បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មានសក្តានុពលចំនួន៤ រួមមាន៖ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” និង “ទឹកឃ្មុំព្រៃមណ្ឌលគិរី”។ ក្រៅពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រសួងបានចុះបញ្ជីម៉ាកសមូហភាព ចំនួន៣ រួមមាន៖ “គុយទាវភ្នំពេញ” “អំបុកកំពង់ធំ” និង “អង្ករព្រះវិហារ” ហើយបាននិងកំពុងរៀបចំចុះបញ្ជីម៉ាកសមូហភាពបន្ថែមទៀតរួមមាន៖ “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” “ក្រូចពោធិ៍សាត់” “នំបញ្ចុកសៀមរាប” និង “ដូងខ្ទិះបាត់ដំបង”។

ទន្ទឹមនឹងនេះ ក្រសួងបានកំណត់ផលិតផលសក្តានុពលជាច្រើន ដូចជា៖ “អង្ករបាត់ដំបង” “អង្ករកំពង់ស្ពឺ” “អង្ករនាងអំ” “អង្ករស្មាច់ស្វាយរៀង” “ក្តាមកោះកុង” “ស្វាយចន្ទីកំពង់ធំ” “សូត្រភ្នំស្រុក” “ប្រហុកសៀមរាប” ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here