វារីវប្បករគ្រោងបង្កើនការផ្គត់ផ្គង់ត្រីប្រាបន្ថែម ខណៈចិនបើកភ្លើងខៀវ

ដោយ៖ លក្ខិណា​

ភ្នំពេញ ៖ វារីវប្បករកម្ពុជាជាច្រើនបានបង្ហាញពីក្ដីរំពឹងខ្ពស់ចំពោះទីផ្សារផលិតផលរបស់ខ្លួនទាំងក្នុងស្រុកនិងក្រៅស្រុជាពិសេសទីផ្សារប្រទេសចិននៅក្រោយពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនចូលជាធរមាន។

លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា​នេះ បានមានប្រសាសន៍ថា ឆ្នាំ២០២២នេះ លោករំពឹងថាវិស័យវារីវប្បករកម្ពុជានឹងមានកំណើនឡើងវិញ ជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន បានចូលជាធរមាននិងការបើកឱ្យត្រីប្រាកម្ពុជាអាចចូលទីផ្សារប្រទេសចិនបានដែលអាចជាឱកាសដ៏ល្អសម្រាប់អ្នកចិញ្ចឹមត្រូវប្រានៅក្នុងប្រទេសកម្ពុជា ក្នុងការបង្កើនផលិតភាពចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់។

លោកបន្តថា យ៉ាងណាក្ដីខ្សែច្រវ៉ាក់ផលិតកម្មចិញ្ចឹមត្រី នៅក្នុងប្រទេសកម្ពុជាក៏បានមើលឃើញថា កំពុងជួបវិបត្តិផងដែរ ជាពិសេសនៅក្នុងពេលពិភពលោកកំពុងមានការបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមរបស់វារីវប្បករចិញ្ចឹមត្រីប្រា និងត្រីផ្សេងៗទៀតជាដើម។ លោកថា “នៅពេលយើងអត់មានទឹក យើងត្រូវការបូមទឹកចូលស្រះ ឬទីតាំងចិញ្ចឹម ដូច្នេះហើយវាទាមទារឱ្យថ្លៃដើមផលិតខ្ពស់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា ពេលនេះយើងរង់ចាំតែភាគរីចិនថាពេលណាយល់ព្រមឱ្យត្រីប្រារបស់កម្ពុជាចូលទីផ្សារចិនបានជាផ្លូវការនោះទេ ហើយនឹងរង់ចាំមើលថាភាគីចិននឹងផ្ដល់តម្លៃមកអ្នកចិញ្ចឹម។ ដោយឡែកអ្នកចិញ្ចឹមយើងក៏មិនទាមទារតម្លៃខ្ពស់ដែរ ចំណេញត្រឹមតែតិចតួចក៏យើងយល់ព្រមក្នុងការផ្ដល់ជូនដែរ ដោយយើងមិនលោភលន់នោះឡើយ។

លោកបន្ថែមទៀតថា អ្វីដែលពួកយើងចង់បានពេលនេះ ស្នើសុំឱ្យខាងអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ក្នុងការនាំចូលត្រីពីខាងក្រៅប្រទេសឱ្យបាន ដើម្បីឱ្យអ្នកចិញ្ចឹមក្នុងស្រុកអាចបង្កើនផលិតភាពចិញ្ចឹម ហើយប្រជាពលរដ្ឋកម្ពុជា ក៏អាចទទួលបានត្រីដែលមានគុណភាពសម្រាប់បរិភោគផងដែរ មានសុវត្ថិភាព។ កន្លងមកប្រជាពលរដ្ឋមួយចំនួនទទួលទានត្រី ដែលមិនដឹងប្រភពនាំចូលមកពីណា ដែលបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ។

យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលបានបង្ហាញ ថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ ការងារវិស័យជលផលសម្រេចបាន រួមមាន ផលវារីវប្បកម្មបាន ៣៤៨ ៣៥០ តោន ផលិតកូនត្រីពូជបាន ៣២៤លានក្បាល ចិញ្ចឹមក្រពើបាន ២៩២ ១០០ ក្បាល បង្កើតបណ្តុំវារីវប្បករចំនួន ៣២៦កន្លែង មានសមាជិកចំនួន ១១ ០០០ នាក់។

កន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកទឹកចិត្តដល់កសិករក្នុងការចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ ទៅកាន់ទីផ្សារក្នុងស្រុក ដោយកាត់បន្ថយការនាំចូលពីខាងក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here