ឧកញ៉ាសុង សារ៉នៈទីផ្សារអង្ករកម្ពុជាត្រូវការពេលបន្ថែមទៀតដើម្បីសម្រេចបានកំណើនឡើងវិញ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ដោយសារការបិទបញ្ចប់ការយកពន្ធលើអង្ករ ពីកម្ពុជានាំចូលសហគមន៍អ៊ឺរ៉ុប ដែលនឹងចូលជាធរមាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះតទៅ អ្នកនាំចេញនៅកម្ពុជារំពឹងទុកថា ការនាំាំចេញនឹងមានកំណើនមកវិញ ខណៈដែលបច្ចុប្បន្ននេះ ឃើញមានការបញ្ជាទិញច្រើនពីភាគីសហគមន៍អឺរ៉ុប។

លោកឧកញ៉ាសុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ជាកាពិតសហគមន៍អ៊ឺរ៉ុបបានអនុគ្រោះពន្ធ គឺបន្ទាប់ពីដាក់វិធានការរបាំងពន្ធបានផុតរលត់ និងចាប់ផ្តើមនៅខែមករានេះ អញ្ចឹងការនាំអង្ករចេញពន្ធសូន្យទាំងអស់ គ្រប់ទំនិញអង្ករគ្រប់ប្រភេទ ហើយអ្វីដែលយើងបានឃើញជាក់ស្តែង គឺមានការបញ្ជាទិញច្រើនពីសហគមន៍អឺរ៉ុបមានការកើនឡើងវិញ។

លោកបន្តថា “យើងនៅរង់ចាំមើលថាមានការដឹកជញ្ជូន បើតាមការវិភាគ និងតាមការធ្វើផែនការរបស់សហព័ន្ធ យើងគិតថានឹងមានកំណើនប្រហាក់ប្រហែល២០ម៉ឺនតោននៅឆ្នាំ២០២២នេះ”។ លោកបន្តថា “ទំហំ​ប៉ាន់ប្រមាណនេះ គឺកើនពី១៥ម៉ឺនតោន  ពីអ្វីដែលយើងរៀបចំផែនការរួចហើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាសុង សារ៉នបានបន្តថា ក្នុងរយៈពេល៣ឆ្នាំកន្លងមក (២០១៩-២០២១) កម្ពុជាយើងបានបង់ពន្ធចំនួនជាង៥០លានដុល្លារ ដល់​គយសហគមន៍អឺរ៉ុប ហើយជាមួយគ្នានេះដែរ យើងមានការនាំចេញធ្លាក់ចុះ បើប្រៀបធៀប៣ឆ្នាំមុន ពេលគេដាក់របាំងពន្ធ (២០១៦-២០១៨) គឺមានការធ្លាក់ចុះជាង៣០ម៉ឺនតោន។

លោកបានបន្តថា កម្ពុជាយើង តែងតែនាំទៅកាន់សហគមន៍អឺរ៉ុបប្រហាក់ប្រហែលក្នុងរង្វង់២៥ម៉ឺនតោនរៀងរាល់ឆ្នាំ នៅពេលដែលរបាំងពន្ធ វិធានការដាក់ពន្ធមកដល់ គឺថាការនាំចេញមានប្រហាក់ប្រហែល២០ម៉ឺនតោនតែប៉ុណ្ណោក្នុងមួយឆ្នាំ ហើយមានការធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២១ ការនាំចេញមានចំនួនតែជាង ១៥ម៉ឺនតោនប៉ុណ្ណោះ”។

ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ២០២១ មានចំនួនសរុបក្នុងរង្វង់ ៦៣ម៉ឺនតោន ដែលមានតម្លៃជិត៤០០លានដុល្លារអាមេរិក។ ក្នុងចំណោមអង្ករ ត្រូវបាននាំចេញនេះមានជិត១៤ម៉ឺនតោន ដែលបាននាំចូលទីផ្សារអឺរ៉ុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here