កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់៤,៤ពាន់លានដុល្លារអាមេរិក

ដោយៈលក្ខិណា

ភ្នំពេញៈ ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានកំណើនខ្ពស់ ជាក់ស្ដែងក្នុងរយៈពេល១១ខែ ដំបូងនៃឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ក្រៅពីផលិតសត្វ ផលិតផលជលផល និងព្រៃឈើ មានទឹកប្រាក់រហូតដល់ទៅ៤,៤៣ពាន់លានដុល្លារអាមេរិក ទៅកាន់ប្រទេសគោលដៅចំនួន៦៨ប្រទេស។


យោងតាមរបាយការណ៍របស់លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃទី១ ធ្នូ២០២១ នេះបានឲ្យដឹងថា ផលិតផលសំខាន់ៗដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន អង្ករ ស្រូវ ផលិតផលក្រៅពីស្រូវ និងអង្ករ និងកៅស៊ូ ក្នុងនោះ ការនាំចេញអង្ករមានទឹកប្រាក់៤៥៤,៤៨លានដុល្លារអាមេរិក ការនាំចេញស្រូវមានទឹកប្រាក់ រហូតដល់៥៤៦,៥ដុល្លារអាមេរិក ការនាំចេញផលិតផលក្រៅពីស្រូវ និងអង្ករ មានទឹកប្រាក់រហូតដល់ជិត៣ពាន់លានដុល្លារអាមេរិក និ៦លានងការនាំចេញកៅស៊ូធម្មជាតិ មានទឹកប្រាក់ជាង៤៤៣លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ដដែលបានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២១នេះ មានកំណើនស្ទើរតែគ្រប់មុខលើកលែងការនាំចេញអង្ករ ដែលត្រូវធ្លាក់ចុះប្រមាណ១១,៤៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ក៏បានបានបង្ហាញផងដែរថា ក្នុងរយៈពេល១១ខែដំបូងនេះ កម្ពុជានាំចេញផលិតផលកសិកម្មសរុប មានចំនួនប្រមាណជាង៧លានតោន ធៀបនឹងឆ្នាំ២០២០កន្លងទៅ មានកំណើនរហូតដល់៨៧,៥៣ភាគរយ ដែលក្នុងឆ្នាំ២០២០កន្លងទៅមានបរិមាណតែ ៣,៦៨លានតោនប៉ុណ្ណោះ ។

ការនាំចេញផលិតផលកម្ម មានកំណើនក្នុងបរិបទកូវីដ១៩នេះ បានបង្ហាញថាតម្រូវការស្បៀងនៅលើពិភពលោក នៅតែមានកំណើនខ្ពស់ និងទាមទារឱ្យប្រទេសផលិតស្បៀងលើពិភពលោករួមទាំងកម្ពុជា គួរបង្កើនការផលិតរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការទីផ្សារពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here