លោកឧកញ៉ាសុង សារ៉ន កម្ពុជាការឆ្ពោះទៅនវានុវត្តន៍ និងសហគ្រិនភាព

ដោយៈសុជាតា

អន្តរជាតិៈ ការឆ្ពោះទៅមុខប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍ និងសហគ្រិនបាននិងកំពុងធ្វើឲ្យបណ្តាសហគ្រិនអាស៊ាន ដែលផ្តោតលើគុណតម្លៃ និងចក្ចុវិស័យរយៈពេលវែង។

លោកសុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ខេមបូឌា បានលើកឡើងកាលពីពេលថ្មីៗនេះថា ដើម្បីក្លាយជាសហគ្រិន យើងត្រូវនិយាយអំពីគុណតម្លៃ និងចក្ខុវិស័យ​។ យើងមិនអាចមើលតែត្រឹមរយៈពេលខ្លីទេ។ យើងសម្លឹងមើលទៅក្នុងរយៈពេលវែង និងប្រកបដោយនិរន្តរភាព។ យើងហ៊ានទទួលយកហានិភ័យ តែយើងក៏មិនភ្លេចចាប់យកឱកាសផងដែរ។ នោះហើយជាហេតុផលដែលសង្គមជាតិត្រូវការនវានុវត្តន៍។

លោកបន្តថា “នវានុវត្ត៍មិនមែនផ្តោតទៅទៅលើ ការបង្កើតថ្មីតែមួយនោះទេទេ។ វាគួរជាការ និយាយអំពីរបៀបដែលយើងផ្សារភ្ជាប់ ឬប្រមូលផ្តុំនូវធាតុចូល ដែលពាក់ព័ន្ធ នៅក្នុងប្រព័ន្ធអេកូឡូស៊ី”។

ជាមួយគ្នានេះផងដែរ លោកសុង សារ៉នក៏បានចូលរួមផ្តល់នូវទស្សនៈទៅលើ ទំនា​ក់ទំនងរវាងនវានុវត្តន៍ និសហគ្រិនភាព ជាមួយនឹងការរីកចម្រើន ប្របដោយនិរន្តរភាព ដែលលោកបានសង្កត់ធ្ងន់ទៅលើ យុវជន ដែលជាតួអង្គយ៉ាងសំខាន់ នៅក្នុងអនាគតភាពនៃសហគ្រិន ដោយយុវជនខ្លួនឯង ត្រូវតែមានការស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយអំពីគោលនយោបាយ ខណៈដែលជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់បង្កើតនូវបរិយាប័ន្នធុរកិច្ច និងលើកកម្ពស់ឌីជីថល តាមរយៈការបង្កើតនូវក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ចឌីជីថល និងគោលនយោបាយសង្គម ឆ្នាំ២០២១-២០៣៥។

លោកមើលឃើញថា ជាឱកាសមួយដែលសហគ្រិន គួរសិក្សាបានឱ្យបានច្បាស់អំពីកាលានុវត្តភាពនានា ហើយសម្របខ្លួន និងអភិវឌ្ឍសមត្ថភាព ឬកែសម្រួលនូវគំរូការធ្វើពាណិជ្ជកម្មរបស់ខ្លួន ឱ្យស្របទៅតាមសង្គម និងជាពិសេសគឺបរិបទកូវីដ១៩នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ុង សារ៉នបានមានប្រសាសន៍ថា “កូវីដ១៩ មិនអាចបញ្ឈប់យើងបានទេ។ សហគ្រិនត្រូវស្វែងយល់ពីគោលនយោបាយ ហើយចាប់យកឱកាស ដើម្បីឆ្ពោះទៅមុខជាមួយអាជីវកម្ម។ រដ្ឋាភិបាលក៏បានផ្តោតសំខាន់ លើផ្នែកនវានុវត្តន៍នេះផងដែរ។ ជាមួយនឹងផែនទីឌីជីថល (digital roadmap) សហគ្រិនត្រូវតែដឹងអំពីរឿងនេះ ហើយកុំភ្លេចអភិវឌ្ឍខ្លួន និងត្រៀមខ្លួន។

លោកបន្តថា អ្នកអាចកែសម្រួលអាជីវកម្មឡើងវិញ ឬបង្កើតឱកាសដើម្បីជោគជ័យ​។ សហគ្រិនក៏ត្រូវមើលលើប្រព័ន្ធអេកូឡូស៊ី ដែលរួមបញ្ចូលទាំង រដ្ឋាភិបាល ស្ថាប័ន អង្គការអភិវឌ្ឍ ក្រុមហ៊ុន និងអតិថិជនផងដែរ។ នេះគឺជាឱកាសល្អសម្រាប់ជោគជ័យ។ យើងគួរសម្លឹងមើលឱកាស ជាមួយនឹងប្រជាជនជាង៦៦០លាននាក់នៅអាស៊ាន មិនមែនមើលត្រឹមតែ១៦លាននាក់នៅកម្ពុជាទេ។

លោកសុង សារ៉ន ក៏បានលើកឡើងអំពីឱកាស ក្នុងការធ្វើពាណិជ្ជកម្មឌីជីថល ដោ​យផ្តោតលើវិស័យកសិកម្ម ដោយហេតុថា វិស័យមួយនេះ ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយក៏ជាវិស័យដែលរងការប៉ះពាល់តិចបំផុត ពីកូវីដ១៩។

នវានុវត្តន៍និងសហគ្រិនភាព គឺជាកត្តាដ៏ចម្បង សម្រាប់ការអភិវឌ្ឍប្រទេស និងក្នុងតំបន់។ នៅក្នុងអាស៊ាន វិស័យនេះដើរតួយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍក្នុងតំបន់ និងកំណើនសេដ្ឋកិច្ច ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ការផ្សារភ្ជាប់រវាងមនុស្សនិងការអភិវឌ្ឍរបស់យុវជន។ វាត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា យុវជនអាស៊ានកំពុងចាប់ផ្តើមចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតនូវនវានុវត្តន៍សង្គម និងការបង្កើតជំនាញសហគ្រិនភាពដោយខ្លួនឯង មិនត្រឹមតែសម្រាប់ការអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសង្គមទៀតផង។

ក្នុងន័យនេះ អាស៊ានប្រកបដោយនវានុវត្តន៍និងសហគ្រិនភាព គួរតែជាប្រធានបទដែលមានការផ្តោតអារម្មណ៍ខ្ពស់ សម្រាប់តំបន់អាស៊ាន ដែលជាតំបន់មានការរីកចម្រើនយ៉ាងឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here